នាយកដ្ឋាន

Thu-01-January-1970

វិទ្យាស្ថានស្តង់ដារកម្ពុជា​     គឺជាអង្គភាពស្ដង់ដារជាតិ របស់​​រាជរដ្ឋាភិបាល​ ដែលធ្វើសកម្មភាពក្រោមឱវាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ អង្គភាពនេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រម លេខ នស/រកម/០៦០៧/​០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីស្ដង់ដារកម្ពុជា និងត្រូវបានប្រគល់ភារកិច្ចតាមអនុក្រឹត្យ លេខ ៦២ អនក្រ.បក  ចុះថ្ងៃទី ០៤ ខែ​  មិថុនា ឆ្នាំ២០០៨។ វិទ្យាស្ថាននេះមានមុខងារ​ និងភារកិច្ចក្នុងការគ្រប់គ្រង​​​​ ដឹកនាំ​ និង​​ជំរុញការអភិវឌ្ឍស្ដង់ដារូបនីយកម្មជាតិ សម្រាប់ផលិតផល​ សេវា​កម្ម ប្រព័ន្ធគ្រប់គ្រង​ ធ្វើការវាយតម្លៃភាពអនុលោមតាមស្តង់ដារសុវត្ថិភាព គុណភាព​សម្រាប់ផលិតផល​ និងប្រព័ន្ធគ្រប់គ្រងផលិតកម្ម​  សេវាកម្ម  របស់ក្រុមហ៊ុន ឬ សហគ្រាសដើម្បីធានាឲ្យបាន នូវសុវតិ្ថភាព សុខភាពដល់អ្នកប្រើប្រាស់​ និងសុខុមាលភាពសាធារណៈ ពិសេសសំដៅធ្វើឲ្យមាន ការប្រកួតប្រជែងផ្នែកគុណភាពនៅលើទីផ្សារ និងបង្កើនការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ​ ស្របតាមយុទ្ធសាស្ត្ររបស់រាជ​រដ្ឋាភិបាលក្នុងការធ្វើឲ្យមានស្ថេរភាព និងភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ​ ។   

វិទ្យាស្ថានស្ដង់ដារកម្ពុជាបានចូលជាសមាជិកទំនាក់ទំនង (Correspondent Member) នៃអង្គការស្ដង់ដារ អន្ដរជាតិ (ISO) និងជាសមាជិកសម្ព័ន្ធប្រទេស (Affiliate Programme Country) នៃគណៈកម្មាធិការ អេឡិចត្រូនិចអន្ដរជាតិ (IEC) ហើយក៏ជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់អាស‌៊ាន ស្តីពីស្ដង់ដារ និងគុណភាព (ACCSQ) សំដៅធ្វើឲ្យសកម្មភាពស្តង់ដារូបនីយកម្ម នៃផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍទាំងក្នុងតំបន់ និង​លើឆាកអន្តរជាតិ។ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅខែតុលា ឆ្នាំ២០០៤ វិទ្យាស្ថានស្ដង់ដារកម្ពុជា បានដើរតួជាចំណុចទំនាក់ទំនង ផ្នែករបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT Enquiry Point) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបំពេញតួនាទីជាអាជ្ញាធរក្នុងការផ្តល់សេចក្តីជូនដំណឹងផ្សេងៗ (Notification Authority)។   

បច្ចុប្បន្នវិទ្យាស្ថានស្តង់ដារកម្ពុជាបាន និងកំពុងបង្កើនទំនាក់ទំនង សហការ និងធ្វើការរួមគ្នាជាមួយស្ថាប័ន ពាក់ព័ន្ធនានាទាំងស្ថាប័នឯកជន​និងស្ថាប័នរដ្ឋ​ រដ្ឋជាសមាជិកអាស៊ាន​ អង្គការអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) អង្គការ​សហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ក្នុងគោលដៅធ្វើឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័សនូវ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យស្តង់ដារូបនីយកម្មនៅកម្ពុជា​ ពិសេសសំដៅធ្វើ យ៉ាងណាឲ្យមានការទទួលយក​ និងឯកភាពរួមគ្នាលើការអភិវឌ្ឍស្តង់ដារទាំងនោះឲ្យក្លាយជាស្តង់ដារជាតិ តំបន់​​ និង     អន្តរជាតិ​៕

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.